គ្មានការបិទក្រុងទេ តែរដ្ឋបាលខេត្តព្រះសីហនុបានត្រៀមសណ្ឋាគារ២ សម្រាប់ផ្ទុកអ្នកជំងឺCovid-19
ក្នុងកិច្ចប្រជុំបន្ទាន់នេះ ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ សំខាន់ៗដូចខាងក្រោម៖
-រដ្ឋបាលខេត្ត មិនមានការបិទទីក្រុងនោះទេ គឺមានតែការបិទសណ្ឋាគារមួយ តែប៉ុណ្ណោះ
-រដ្ឋបាលខេត្តបានត្រៀមសណ្ឋាគារចំនួន២ សរុបចំនួន១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ និងអគារព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ២១ បន្ទប់ស្មើនឹង ៤២គ្រែ សរុបទាំងអស់គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបានត្រៀមអគារមួយចំនួនទៀតសម្រាប់ទុកដាក់អ្នកជំងឺកូវីដ ១៩ ។
-ចំពោះបងប្អូនប្រជាពលរដ្ឋ និងពលករដែលត្រឡប់មកពីប្រទេសថៃថ្មីៗនេះ សូមដាក់ឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន រយៈពេល១៤ ថ្ងៃសិន។ ប្រសិនបើមានករណីសង្ស័យមានកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការនៅតាមមណ្ឌលសុខភាព ឬក៏ទំនាក់ទំនងតាមលេខ ទូរសព្ទពិសេសដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ជូន។
-អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាននិងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។
ជាការអំពាវនាវរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ៖ " ប្រសិនជាគ្មានការចាំបាច់ទេប្រជាពលរដ្ឋ គ្រប់រូបគួរតែ នៅក្នុងផ្ទះរៀងៗខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជម្ងឺ កូវីដ១៩ លើកលែងតែអ្នកដែលមានការចាំបាច់។ ហើយក្រៅពីនេះមន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេគឺមិនបាច់ជួបជុំគ្នាទេនាំគ្នាធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ។
សូមណែនាំឱ្យមន្ត្រីយើងទាំងអស់គ្នា ធ្វើជាភ្នាក់ងារសន្តិសុខ សម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិតទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណាដែលយើងដឹងថា គាត់មានការសង្ស័យឬការពាក់ព័ន្ធនឹងអ្នកដែល អាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន"។
ប្រភព ៖ Business Cambodia


No comments:
Post a Comment