លោក អ៊ឹង ឃាង ស្ម័គ្រចិត្ត ផ្តល់សណ្ឋាគាររបស់ខ្លួននៅព្រះវិហារ សម្រាប់ព្យាបាលអ្នកផ្ទុកCovid-19
តាមរយៈបណ្តាញសង្គមរបស់លោកបណ្តិតបានប្រាប់ថា“ខ្ញុំបាទ អឹង ឃាង ម្ចាស់សណ្ឋាគារព្រះវិហារជ័យ នៅឃុំស្រអែម តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ សូមចូលរួមជាមួយមន្ទីរសុខាភិបាលខេត្តព្រះវិហារ បើមានប្រជាពលរដ្ឋកម្ពុជាណា ដែលមានរោគសញ្ញានៃជំងឺ Covid-19 សណ្ឋាគារខ្ញុំបាទទទួលឱ្យអ្នកជំងឺស្នាក់នៅដោយមិនមានគិតតម្លៃឡើយ ហើយថ្លៃអគ្គិសនី និងថ្លៃទឹក ក៏ខ្ញុំជាអ្នកចំណាយផងដែរ”។
សូមជម្រាបថា៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាថ្មី និងបន្ទាន់មួយទៅកាន់អភិបាខេត្តទាំង២៤ ឱ្យរៀបចំសណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ទុកសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ (COVID-19)។
ដោយសម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះ៖ “ដោយឥឡូវឃើញថាសណ្ឋាគារជាច្រើននៅតាមខេត្តពុំសូវមានភ្ញៀវស្នាក់នៅ ហើយក៏មានអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ក៏អាចមានអគារខ្លះដែរ។ អ៊ីចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌលណាដែលវាល្អយើងយកអាហ្នឹងដោយមិនបាច់យកសាលារៀនទេ។ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់យើងជួលយកសណ្ឋាគារហ្នឹងតែម្តង ព្រោះវាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ មានកង្ហារអីគ្រប់គ្រាន់តែម្តង អ៊ីចឹងយើងជួលយក ហើយងាយស្រួលគ្រប់គ្រង និងមានគ្រែ មានអីហើយស្រេច”។តែទោះជាយ៉ាងណាក្តី សម្តេចតេជោ ក៏បានណែនាំឱ្យយកសាលារៀនសម្រាប់ផ្តល់សេវាការព្យាបាលអ្នកជំងឺ១៩ ក្នុងករណីមិនមានសណ្ឋាគារ ឬអគារដទៃ ហើយលោកក៏បានសង្កត់ធ្ងន់ថា អភិបាលខេត្តទាំងអស់ត្រូវធ្វើការងារនេះជាបន្ទាន់។
សូមបញ្ជាក់ថា៖ គិតមកត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៧នាក់ហើយ (ស្រី២២នាក់ ប្រុស៦៥នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៤នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៥នាក់។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕
ប្រភព ៖ Business Cambodia


No comments:
Post a Comment