ខេត្ដពោធិ៍សាត់ហាក់លេចធ្លោខ្លាំង ក្រោយផ្លូវបុប្ផាលាក់ខ្លួន ធ្លាប់តែពួននៅជាយដែន ចាប់ផ្ដើមបង្ហាញសម្រស់
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ៖ ផ្លូវជាតិលេខ៥៥ ពីមុនគេហៅថា ផ្លូវជាតិលេខ៥៦ ហេតុអ្វីបានជាប្តូរឈ្មោះលេខផ្លូវបែបនេះ? គឺដោយសារតែ ពេលប្តូរអ្នកគ្រប់គ្រងម្តង ប្តូរឈ្មោះម្តងៗ ទើបធ្វើឱ្យទីតាំងនៅក្នុងផែនទីមានការយល់ច្រលំ។ សម្តេចបានបន្ថែមឱ្យដឹងទៀតថា៖ “តាំងពីកសាងផ្លូវជាតិលេខ៥៥ នេះរួចមក បងប្អូនយើងភាគច្រើនហៅផ្លូវនេះថាជាផ្លូវអន្ទង់អាំង ព្រោះរាងវាដូចអន្ទង់អាំងដោតចង្កាក់មែន ប៉ុន្តែពេលនេះគឺត្រូវប្តូរឈ្មោះពីផ្លូវអន្ទង់អាំងមកជាផ្លូវបុប្ផាលាក់ខ្លួនវិញ ព្រោះផ្លូវនេះមិនមានអ្នកងាយទៅដល់នោះទេ”។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលផ្លូវជាតិលេខ ៥៥ ជាផ្លូវដែលលំបាកសាងសង់ជាងគេ ក្នុងស្រុកខ្មែរ តែមានសម្រស់ស្រស់ស្អាតមិនធម្មតា ដែលគម្រោងនេះចំណាយថវិកាសរុបប្រមាណ ១៣២,៨០លានដុល្លារសហរដ្ឋអាមេរិក។ផ្លូវនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុង ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារ ព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅថ្មដាក្នុងខេត្តពោធិ៍សាត់ នៅចាំយាមក្នុងខេត្តកោះកុង និងកំពង់ផែសមុទ្រ ទឹកជ្រៅនៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង។
ផ្លូវលេខ៥៥នេះ នឹងក្លាយជាផ្លូវបង្កើតបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការល្អនៅតាម ព្រំដែន បង្កើតមុខរបរ បង្កើនចំណូលគ្រួសារ លើកកម្ពស់សុខុមាលភាពសង្គម និងការអប់រំ ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស ជាពិសេសនឹងជួយជម្រុញឱ្យខេត្តពោធិ៍សាត់កាន់តែលេខធ្លោខ្លាំងជាមិនខាន៕
អត្ថបទដោយ៖ នឹម ផានុន


No comments:
Post a Comment