ខេត្តកំពង់ស្ពឺនឹងមានរោងចក្រចំនួនពីរ មានតម្លៃជាង១៥.៤លានដុល្លារ អាចបង្កើតការងារបាន១,៨៥៧កន្លែង
តាមរយៈFacebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីម្សិលមិញនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ថ្មីៗបន្ថែមទៀត។ ហើយក្នុងចំណោមក្រុមហ៊ុននោះផងដែរ ក៏មានក្រុមហ៊ុនចំនួន២ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដោយក្រុមហ៊ុនទី១មានឈ្មោះថា៖ PINYTEX CO., LTD នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្បាញក្រណាត់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៥១៤កន្លែង និងក្រុមហ៊ុនទី២ មានឈ្មោះថា៖ BRANWELL INDUSTRIAL (CAMBODIA) COMPANY LIMITED នឹងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី (ជើងក្រានដុតសាច់-ដុតនំ, ប្រដាប់ផ្លុំសក់-មូរសក់-សំងួតសក់, ប្រដាប់កោររោម, ជក់សម្អាតផ្ទៃមុខ, សម្ភារៈម៉ាស្សាដងខ្លួន-មុខ-ជើង និងត្រាំជើង) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិផ្តៅពេន និងភូមិសន្តិភាពឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៧.១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន៣៤៣កន្លែង។
គួរជម្រាបថា៖ ការបង្កើតរោងចក្រទាំងនេះ អាចធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរកចំណូលបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់គ្រួសារ នឹងអាចកាត់បន្ថយក្នុងការធ្វើចំណាកស្រុកបានមួយផ្នែកធំផងដែរ។
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment