ឯកឧត្តម ម៉ាង ស៊ីណេត ៖កន្លែងផ្ដល់សេវាកំសាន្តចំនួន៨០០ នៅព្រះសីហនុកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរ
លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង នឹងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានាចូលរួមជំរុញកំណើននឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា និងការអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិយ៉ាងសំខាន់ ។
លោក បានបន្ថែមថា ខេត្តព្រះសីហនុ រដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១០-២០២៥ ក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទេសចរណ៍ សក្តានុពលដ៍វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ រួមមានតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិ និងទឹកជ្រោះក្បាលឆាយ និងធនធាននៅបាតសមុទ្រជាដើម។
ក្នុងកិច្ចប្រជុំនេះក៏បានឱ្យដឹងដែរថា កាលពីឆ្នាំ២០១៩កន្លងទៅនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ ២.២២៩.៤៨២នាក់ កើនឡើង ៨,៨៧ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន១.៣៤៣,៦៩០នាក់ ថយចុះ ៨,៣៧ភាគរយ និងភ្ញៀវអន្តរជាតិ ៨៨៥,៧៩២នាក់ កើនឡើង ៥២,៤១ភាគរយ ។
លោក ម៉ាង ស៊ីណេត ក៏បាន បង្ហើបដែរថា ទន្ទឹមនឹងការរីកចម្រើន ព្រះសីហនុក៏មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវយកចិត្តទុក ដាក់គ្រប់គ្រង ដោះស្រាយឱ្យបានទាន់ពេលវេលាពិសេសការរងសម្ពាធពីកត្តាខាងក្រៅ ដូចជាកត្តានយោបាយ សេដ្ឋកិច្ច គ្រោះធម្មជាតិ ជំងឺឆ្លងជាដើម ដែលធ្វើឱ្យឧស្សាហកម្មទេសចរណ៍មានការប្រែប្រួល នឹងប្រឈមគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន ។
ក្នុងស្ថានភាពនេះ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ទឹកស្អាត អគ្គិសនី សំណង់ សំណល់រឹង-រាវ សួនច្បារ ស្តង់ដាររមណីយដ្ឋាន ឆ្នេរ កំពង់ផែទេសចរណ៍ ព្រលានយន្តហោះ ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនសាធារណៈរួមទាំងការជំរុញយុទ្ធនាការទីក្រុងស្អាតនៅតាមតំបន់ឆ្នេរ ឱ្យកាន់តែល្អប្រសើរ និងគាំទ្រដល់និរន្តភាពក្នុងវិស័យទេស ចរណ៍។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment