អបអរ!! OCICត្រៀមចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនSCA លើគម្រោងសាងសង់ព្រលានអន្តរជាតិភ្នំពេញថ្មី
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំសម្របសម្រួលពិភាក្សាលើគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី នេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានស្នើឱ្យក្រុមហ៊ុន SCA រៀបចំសេចក្ដីព្រាង កិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់គ្នាពិសេសមួយ ស្ដីពីកិច្ចសហប្រតិបត្ដិការ រវាង OCIC និង SCA ស្ដីពីគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ដើម្បីពិនិត្យឱ្យបានត្រឹមត្រូវមុននឹងក្រុមហ៊ុនធ្វើការសាងសង់។ ក្នុងកិច្ចជំនួប រវាងក្រុមហ៊ុន Vinci Airports តំណាងដោយលោក Emmanuel MENANTEAU ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋាន SCA តំណាងដោយលោក Alain BRUN និងក្រុមហ៊ុន OCIC តំណាងដោយ ឯកឧត្ដម វ៉ាន់ ឆាលហ៍ នេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានណែនាំដល់ ក្រុមហ៊ុនត្រូវរៀបចំកិច្ចព្រមព្រៀងស្ដីពីគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មីផ្ញើមករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ឱ្យបានមុនថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។
លោកបានបន្ថែមថា ក្នុងករណីចាំបាច់ ពាក់ព័ន្ធនឹងការបច្ចេកទេសភាគីទាំងពីរត្រូវផ្ដល់ជំនាញការពិភាក្សាជា លក្ខណៈទ្វេភាគីក្រោមការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ជាការឆ្លើយតបភាគីក្រុមហ៊ុនទាំងពីរបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន SCA មានសេចក្ដីរីករាយក្នុងកិច្ចសហការឈរលើមិត្ដភាព ជាមួយនឹងក្រុមហ៊ុន OCIC ក្នុងគម្រោងរៀបចំប្លង់រចនាបទ ការផ្ដល់ប្រភពហិរញ្ញប្បទាន ការសាងសង់រចនាសម្ព័ន្ធសំណង់ និងធ្វើអាជីវកម្ម ជាពិសេសបើអាច យើងពិភាក្សាគ្នាអំពីការបង្កើតក្រុមហ៊ុនរួមគ្នា រវាង OCIC និងSCA ដូចដែលក្រុមហ៊ុន SCA ធ្លាប់មានបទពិសោធន៍ជាមួយ ក្រុមហ៊ុន Mohiba ក្នុងការអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបច្ចុប្បន្ន។
ដោយឡែកក្រុមហ៊ុន OCIC បានបញ្ជាក់ថា ខ្លួនក៏មានការរីករាយក្នុងការសហការជាមួយក្រុមហ៊ុន SCA ដែរ។ ប៉ុន្ដែបានស្នើសុំឱ្យភាគីក្រុមហ៊ុន SCA ជួយរៀបចំកិច្ចព្រមព្រៀង ឬអនុស្សរណៈ យោគយល់គ្នាពិសេសមួយក្នុងលក្ខខណ្ឌកិច្ចសហប្រតិបត្ដិការដែលអាចទទួលយកបានក្នុងគម្រោង អភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មីនេះ។
គួរជម្រាបផងដែរថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ មានតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលនឹងសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ក្នុងនោះ ផ្ទៃដី ៧០០ហិកតាគឺសម្រាប់ព្រលានយន្តហោះ ហើយទីតាំងដែលនៅសល់នឹងត្រូវ អភិវឌ្ឍន៍ទៅជាទីក្រុងព្រលានយន្តហោះ ដែលមានការអភិវឌ្ឍន៍ចម្រុះរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋានផងដែរ។
គួររំលឹកដែរថា កន្លងមក អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCICក៏បានបញ្ជាក់ ដែរថា «តំបន់សេដ្ឋកិច្ចពិសេសក្បែរព្រលានយន្តហោះថ្មី នេះអាចនឹង ធំជាងកោះពេជ្រប្រហែល១០ដង ព្រោះតំបន់នោះមានផ្ទៃដីជាង១ពាន់ហិកតា ដូច្នេះថ្ងៃក្រោយដីមួយចំនួនយើងអាចសាងសង់ផ្ទះដែល មានតម្លៃសមរម្យ សម្រាប់ បងប្អូន ដែលមានចំណូលមិនសូវខ្ពស់ ដើម្បីទាក់ទាញប្រជាជនឲ្យមករស់នៅកុះករ ព្រោះតំបន់ព្រលានត្រូវការភាពអ៊ូអរ មានកម្មកររស់នៅច្រើន ពិសេសកាត់បន្ថយ ចំណាយលើការដឹកជញ្ជូនជាដើម»។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment