Breaking

Post Top Ad

Your Ad Spot

Friday, February 7, 2020

ដៃគូវិនិយោគថ្មីមកពីបារាំង សន្យាអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការចាំបាច់នៅកម្ពុជា

ដៃគូវិនិយោគថ្មីមកពីបារាំង សន្យាអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការចាំបាច់នៅកម្ពុជា



  ភ្នំពេញ ៖ ពន្លកដៃគូមិត្តភាពថ្មីនៃប្រទេសបារាំងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការវិនិយោគលើវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជាយើង ។

  តាមរយៈជំនួបពិភាក្សាការងាររវាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាមួយគណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំងកាលពីថ្មីៗនេះ លោកស្រីនាយិកា Ophelle BOURHIS របស់ប្រទេសបារាំង បានសន្យាថានឹងចូលរួមធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលប្រជាជនកម្ពុជាត្រូវការប្រើប្រាស់ចាំបាច់ជាក់ជាមិនខាន ។

  ក្នុងឱកាសនៃកិច្ចជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជម្រាបជូនទៅកាន់វិនិយោគិនថ្មីនេះ អំពីគម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួនដូចជា៖ គម្រោងសាងសង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានក្រចេះឆ្លងកាត់ទន្លេមេគង្គលើ គម្រោងសាងសង់កំពង់ផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែខ្នាតតូចនៅខេត្តកំពង់ចាម និងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតផងដែរ។

  ក្រៅពីនេះ ឯកឧត្តមបានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពផ្តល់ ការគំាទ្រផ្នែកហិរញ្ញវត្ថុលើយុទ្ធនាការផ្សព្វផ្សាយសាធារណៈអំពីគ្រោះថ្នាក់ចរាចរណ៍ ផលលំបាកនិងការ ខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាពចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងយុទ្ធនាការផ្សេងៗថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

  ជាការឆ្លើយតប លោកស្រីនាយិការបស់បារាំង បានកត់សម្គាល់លើសំណើនានារបស់ឯកឧត្តមទេសរដ្ឋមន្រ្តី និង សន្យាសហការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ត្រីជំនាញក្រោមឱវាទក្រសួងលើគម្រោងនានា ដែល ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា។

តាមរយៈការហូរចូលជាបន្តបន្ទាប់នូវអ្នកវិនិយោគថ្មីៗក្រៅពីអ្នកជំនួញមកពីប្រទេសចិន ដូចជាជប៉ុន កូរ៉េ ជាដើម យើងឃើញថា អ្នកវិនិយោគទាំងនេះបានបង្ហាញគោលបំណងរបស់ខ្លួនយ៉ាងខ្លាំងក្លាលើការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ហេតុនេះយើងសង្ឃឹមនិងជឿជាក់ថា ក្នុងរយៈពេលដ៏ខ្លីខាងមុខវិស័យមួយនេះ នឹងមានការកែលម្អបានកាន់តែច្រើននិងប្រកបដោយគុណភាពថែមទៀតតាមរយៈដៃគូវិនិយោគដ៏ប៉ិនប្រសប់អស់នេះ។

អត្ថបទ៖  ភោគ ​ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot