ដំណឹងល្អ! មិនយូរទេ ខេត្តក្រចេះ នឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែងសរុបជិត២ពាន់ម៉ែត្រ
កាលពីពេលថ្មីៗកន្លងទៅនេះ លោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កម្ពុជានឹងស្នើប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន នៅពេលខាងមុខនេះ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀត នៅខេត្តក្រចេះ ដែលមានប្រវែងសរុប១៧៦១ម៉ែត្រ។
លោកបានបញ្ជាក់ថា៖ លោកនឹងរៀបចំគម្រោងសំណើនៅឆ្នាំ២០២០ ហើយការសាងសង់នេះអាចនឹងធ្វើឡើងនៅឆ្នាំ២០២១ បន្ទាប់ពីលោកបានដឹកនាំក្រុមការងារចុះពិនិត្យរកមើលទីតាំងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ កាលពីពេលថ្មីៗកន្លងទៅនេះ។ លោកបានបន្ថែមទៀតថា៖ ការសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គនៅខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំនេះ គឺត្រូវបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់ សម្តេចតេជោ ហ៊ុន សែន ហើយក៏កំពុងតែសិក្សាដើម្បីសាងសង់ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តកំពង់ធំ ដែលចំណេញពេលវេលា និងថវិកាច្រើនជាងមុន។
ស្ពាននេះអាចនឹងធ្វើពីចន្លោះទ្រុងហើយនិងកោះឆាង នេះបើតាមការមើលនៅក្នុងផែនទី ប៉ុន្តែជាក់ស្តែងបែបណានោះយើងមិនទាន់ដឹងនៅឡើយទេ ដោយសារគម្រោងនេះកំពុងតែស្ថិតក្នុងការសិក្សាបន្ត។ នេះបើតាមរយៈលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ។
លោកក៏បានស្នើសុំដល់មហាជនទាំងឡាយ កុំឱ្យអ្នករិះគន់មកលើរាជរដ្ឋាភិបាលកម្ពុជាអី ហើយលោកក៏បានអះអាងថា៖ កម្ចីនេះ គឺដើម្បីចំណេញជាតិ ចំណេញប្រជាពលរដ្ឋ ហើយខ្ចីមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនោះទេ។
គួរជម្រាបផងដែរថា ស្ពានដែលគ្រោងនឹងសាងសង់នេះគឺមានប្រវែង១៧៦១មែត្រ ដែលស្ថិតនៅក្នុងខេត្តក្រចេះជាស្ពានឆ្លងកាត់ទន្លេរមេគង្គ ហើយអ្វីដែលពិសេសនោះ គឺជាឱកាសមួយក្នុងការជំរុញល្បឿននៃការរីកចម្រើនរបស់ខេត្តក្រចេះទាំងមូលដោយជួយបង្កើនភាពទាក់ទាញនូវគម្រោងធំៗទៅបោះទុនវិនិយោគនៅទីនោះផងដែរ៕
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment