មុននឹងសម្រេចចិត្តជ្រើសរើសជំនាញណាមួយ អ្នកត្រូវតែគិតគូ៣ចំណុចនេះសិន
ជុំវិញរឿងនេះ Business Cambodiaសូមលើកបង្ហាញពីចំណុច៣យ៉ាង ដែលអ្នកត្រូគិតគូមុននឹងសម្រេចចិត្តជ្រើសរើសជំនាញណាមួយ ដែលចំណុចទាំងនោះរួមមានដូចខាងក្រោម៖
១. គោលដៅ
តើអ្វីជាគោលដៅពិតប្រាកដនៅក្នុងជីវិតរបស់អ្នក? តើអ្វីដែលអ្នកចង់ក្លាយនៅក្នុងថ្ងៃអនាគត? ប្រសិនបើអ្នកដឹងអ្នកនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់គោលដៅបានច្បាស់ នោះអ្នកនឹងអាចជ្រើសរើសជំនាញបានត្រឹមត្រូវទៅតាមនោះដែរ។ ឧបមាថា អ្នកចង់ក្លាយទៅជាមេធាវី ច្បាស់ណាស់ថាជំនាញនិតិសាស្ត្រ ឬច្បាស់គឺជាអ្វីដែលអ្នកត្រូវចាប់យក និងប្រឹងប្រែងរៀនឲ្យបានពូកែ។ ឬអ្នកចង់ក្លាយទៅជាអ្នកជំនួញ ច្បាស់ណាស់ថាជំនាញគ្រប់គ្រងពាណិជ្ជកម្មអាចនឹងសាកសមបំផុតដែរសម្រាប់អ្នក ប៉ុន្តែដើម្បីសម្រេចការងារឬគោលដៅខ្លះគឺត្រូវតម្រូវឲ្យអ្នកជ្រើសរើសជំនាញច្រើន។
បន្ថែមពីនេះទៅទៀតនោះ ឧទាហរណ៍ថាអ្នកចង់ក្លាយទៅជាមេដឹកនាំប្រទេស ឬអ្នកនយោបាយដ៏ពូកែនាំវាទាមទារឲ្យអ្នកមានជំនាញ និងចំណេះដឹងច្រើនដូចជា ប្រវត្តិសាស្ត្រ ទាំងប្រវត្តិសាស្ត្រជាតិ និងប្រវត្តិសាស្ត្រពិភពលោក ចិត្តសាស្ត្រ ទស្សនវិទ្យា ទំនាក់ទំនងការបរទេស ច្បាប់ ភាសាបរទេស រដ្ឋបាលសាធារណ សេដ្ឋកិច្ច និងជំនាញនិយាយជាសាធារណជាដើម។
២. ទីផ្សារការងារ ឬឱកាសការងារ
ការសម្លឹងមើលទីផ្សារការងារនៅក្នុងពេលបច្ចុប្បន្ននិងអនាគតក៏អាចជាមូលហេតុដែលអ្នកគួរជ្រើសរើសយកជំនាញអ្វីមួយផងដែរ។ ប្រសិនបើឱកាសណាល្អជាងគេសម្រាប់ពេលបច្ចុប្បន្ន ឬពេលអនាគតដ៏ខ្លីខាងមុខ។ ឧទាហរណ៍ជាក់ស្តែង ដូចជាប្រទេសកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍ យើងសង្កេតឃើញវិស័យហិរញ្ញវត្ថុកំពុងរីកលូតលាស់។ ស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនកំពុងរីកដូចផ្សិត ដូចនេះគេត្រូវការជ្រើសរើសបុគ្គលិកបម្រើវិស័យនេះយ៉ាងច្រើនផងដែរ។ ដូចនេះមានសិស្សនិសិត្សជាច្រើនកំពុងសិក្សា និងធ្វើការនៅតាមបណ្តាលគ្រឹះស្ថានហិរញ្ញវត្ថុនានា។
ម្យ៉ាងវិញទៀតអ្នក៏អាចសម្លឹងមើលទីផ្សារបច្ចុប្បន្នតើកំពុងតែខ្វះខាតជំនាញអ្វី។ ជាក់ស្តែងប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែខ្វះខាតជំនាញកសិកម្ម និងឧស្សហកម្ម ស្របពេលលដែលផ្ទៃដីមួយភាគធំជាផ្ទៃដីកសិកម្ម និងប្រជាជនមានជំនាញត្រឹមតែកសិកម្មបែបវប្បធម៌តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតអ្នកក៏អាចជ្រើសរើសជំនាញណាមួយដែលអាចធ្វើឲ្យអ្នករកចំណូលបានច្រើនផងដែរ។
៣. ទេពកោសល្យ និងចំណងចំណូលចិត្ត
ទេពកោសល្យគឺជារង្វាន់ដែលត្រូវបានប្រគល់ជូនមនុស្សគ្រប់រូប ប៉ុន្តែពេលខ្លះមនុស្សបានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់ខ្លួនតែនៅមិនទាន់ដឹងថាខ្លួនមានទេពកោសល្យអ្វីឲ្យប្រាកដ។ ជាទូទៅទេពកោសល្យបានកប់យ៉ាងជ្រៅនៅក្នុងខ្លួន ដូចនេះការស្វែងរករបស់កប់នៅក្នុខ្លួនពិតជាពិបាកជារបស់ដែលនៅខាងក្រៅ។ ត្បិតការរកឃើញនូវភាពប៉ិនប្រសព្វ ឬទេពកោសល្យនេះមិនស្រួលដូចជាការស្វែងរកទំនិញនៅក្នុងទីផ្សារឡើយ។
ពេលខ្លះរឿងអកុសលជាច្រើនបានកើតឡើងពាក់ព័ន្ធទៅនឹងទេពកោសល្យនេះ ពីព្រោះមានបុគ្គលមួយចំនួនបានស្លាប់ទៅវិញទាំងមិនដឹងថាខ្លួនឯងមានជំនាញអ្វីពូកែខាងអ្វីនោះឡើយ។ ប៉ុន្តែបុគ្គលខ្លះបានរកឃើញទេពកោសល្យរបស់ខ្លួននេះ រហូតទទួលបានជោគជ័យនៅក្នុងជីវិត។
សូមពិចារណាឲ្យបានច្បាស់មុនជ្រើសរើសជំនាញណាមួយដើម្បីកុំឲ្យមានពាក្យថាស្តាយក្រោយ ដោយខកចិត្តពីព្រោះតែ មានជំនាញហើយប៉ុន្តែគេបែបជាប្រាប់យើងថាអ្នកជ្រើសរើសជំនាញខុស។ ខុសនៅត្រង់នេះមានន័យថា ខុសពីគោលដៅដែលអ្នកចង់ធ្វើ ខុសពីទេពកោសល្យដែលខ្លួនមាន ខុសពីទីផ្សារ និងខុសពីចំណងចំណូលចិត្តរបស់ខ្លួន៕
អត្ថបទដោយ៖ កាន់ ដារ៉ា


No comments:
Post a Comment