ក្រោយមានបទពិសោធន៍ជូរចត់ដួលរលំអគារជាបន្តបន្ទាប់ រដ្ឋបានស្នើឱ្យជប៉ុនត្រួតពិនិត្យសំណង់ទាំងអស់ក្នុងប្រទេស
តាមរយៈការចុះផ្សាយរបស់ហ្វេសប៊ុនផេករបស់សម្ដេចហ៊ុនសែនកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០នេះបានឱ្យដឹងថា ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុនសែន បានស្នើសុំឲ្យជប៉ុនបន្តជួយដល់កម្ពុជាធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្តក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយដែលកម្ពុជាបាននឹងកំពុងសាងសង់ដើម្បីឲ្យវិស័យនេះកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ក្រៅពីបញ្ហាសំណង់ សម្ដេចក៏បានលើកឡើងពាក់ព័ន្ធនឹង បញ្ហាសំរាមផងដែរ ដោយសម្ដេច មានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចកំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ។
ចំពោះ ឯកឧត្តម MIKAMI Masahiro បានមានប្រសាសន៍ដែរថា ឯកឧត្តមពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលជប៉ុនបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ផងដែរថាជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបរិយាកាសវិនិយោគជាពិសេសការវិនិយោគរបស់ជប៉ុន។
ក្នុងជំនួបដដែលនេះ ឯកឧត្តមបានបញ្ជាក់ថា អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុជាជាពិសេស CDC ដោយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោត ការវិនិយោគរបស់ជប៉ុនកំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថាអ្នកវិនិយោគជប៉ុននឹងមកកាន់កម្ពុជាកាន់តែច្រើនហើយជាពិសេសការវិនិយោគទាំងនោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។
គួរជម្រាបផងដែរថា កន្លងមកទាក់ទងនឹងវិស័យសំណង់ រដ្ឋាភិបាលកម្ពុជាយើងក៏បាន ចាត់វិធានការឱ្យអាជ្ញាធរតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស ធ្វើការចុះត្រួតពិនិត្យផងដែរ។ក្នុងនោះមានខេត្តមួយចំនួនក៏បានរកឃើញនូវសំណង់អគារដែល មិនមានច្បាប់ត្រឹមត្រូវនិង សាងសង់ខុសបច្ចេកទេស ផងដែរ។ជាក់ស្ដែង ក្រោយមានការដួលរលំសំណង់អគារនៅ ខេត្តកែប រដ្ឋាបាលខេត្តមួយចំនួនដូចជា ព្រះសីហនុ ប៉ោយប៉ែត ជាដើមរកឃើញសំណង់ដែលខ្វះនូវគុណភាពនិង ខុសច្បាប់មួយចំនួនទៀត ហើយក៏មានការផ្អាកដំណើរការសាងសង់ និងវាយកម្ទេញចោលខ្លះផងដែរ។
ដូចនេះចំពោះការស្នើសុំឱ្យមានមិត្តភាពជប៉ុនជួយត្រួតពិនិត្យបន្ថែមនេះ ជឿជាក់ថានឹងអាចធ្វើឱ្យគុណភាពសំណង់ក្នុងប្រទេសយើងកាន់តែមានគុណភាពខ្ពស់ និងអាចជំរុញឱ្យអ្នកវិនិយោគក្នុងវិស័យនេះ មានការអនុវត្តតាមច្បាប់ ប្រកបដោយភាពក្រិតក្រមជាងមុនផងដែរ។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment