កម្ពុជាទាក់ទាញគម្រោងវិនិយោគជប៉ុនបាន ១៤៣គម្រោង ប្រើទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារ
ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគជប៉ុននៅកម្ពុជានេះ ភាគច្រើនក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌដូចជា ការផលិតបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើម។ ថ្លែងក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជាជប៉ុន នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម បានចាត់ទុកសកម្មភាពនៃគម្រោងវិនិយោគទាំងនេះថា បានផ្ដល់ឱកាសដល់កម្ពុជាធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា និងចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ នេះបើយោងតាម ក្រសួងព័ត៌មាន។
ជាមួយគ្នានេះផងដែរ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ កន្លងមកនេះ បានឱ្យដឹង គម្រោងទាំងនោះផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេសកសិឧស្សាហកម្ម ការកែច្នៃទេសចរណ៍ ផ្សារទំនើប សណ្ឋាគារ មន្ទីរពេទ្យ និងម្ហូបអាហារ។ ហើយលោកបានប្រាប់ក្រុមអ្នកវិនិយោគជប៉ុនថា ការរវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមិនមែនបម្រើតែទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺបម្រើដល់ទីផ្សារអាស៊ី អឺរ៉ុប អាមេរិក និងទីផ្សារដទៃទៀត។
បន្ថែមពីនេះទៅទៀត លោកតាកាហាឈី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានអះអាងឱ្យដឹងថា សមាគមជប៉ុន-កម្ពុជានឹងបន្តផ្សព្វផ្សាយពីកម្ពុជាទៅកាន់សមាជិករបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យយល់រឹតតែច្បាស់អំពីកម្ពុជា និង ទាក់ទាញសហគ្រាសធុនតូច និង មធ្យមជប៉ុនដែលមានបច្ចេកវិទ្យាខ្ពស់មកវិនិយោគ និងផ្ទេរចំណេះដឹងមកកម្ពុជា។
សរុបជារួមមក ជប៉ុន គឺជាប្រទេសវិនិយោគធំមួយនៅក្នុងចំណោមប្រទេសវិនិយោគសំខាន់ៗនៅកម្ពុជា។ ចំណែកប្រទេសដែលវិនិយោគធំបំផុតនៅកម្ពុជាវិញ គឺប្រទេសចិន។ គម្រោងវិនិយោគមកពីប្រទេសចិនស្មើនឹង៣៥ភាគរយ នៃគម្រោងវិនិយោគមកពីបរទេសសរុបចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ ២០១៩នេះ។


No comments:
Post a Comment