ជប៉ុននឹងជួយអភិវឌ្ឍន៍វិស័យ៣នេះ ថែមទៀតនៅសៀមរាប ដើម្បីកាន់តែមានភាពទាក់ទាញ
កាលពីពេលថ្មីៗនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តសៀមរាប ជួបពិភាក្សាការងារ ជាមួយឯកឧត្តម AKABA Kazuyoshi រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ័ ដឹកជញ្ជូន និងទេសចរណ៍ ប្រទេសជប៉ុន ដើម្បីពិភាក្សាការងារមួយចំនួននៅទីស្តីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ័ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។
ក្នុងការពិភាក្សាបានលើកឡើងនូវវិស័យសំខាន់៣ ដើម្បីអភិវឌ្ឍន៍បន្ថែមលើនេះ ដែលមានដូចជា៖
១.ការជួយរៀបចំទីក្រុងវៃឆ្លាតនៅខេត្តសៀមរាប ពីបញ្ហាបរិស្ថាន សណ្តាប់ធ្នាប់
២.ជួយរៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុងសៀមរាប
៣.ការតភ្ជាប់ការហោះត្រង់ ពីទីក្រុងសំខាន់ៗ មកកាន់ខេត្តសៀមរាប ដើម្បីជម្រុញវិស័យទេសចរណ៍។
ហើយកាលពីដើមខែមករាឆ្នាំ២០២០នេះ អាជ្ញាធរខេត្តសៀមរាប ក៏បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការតំឡើងអំពូលភ្លើងLED បំភ្លឺផ្លូវសាធារណៈនៅខេត្តសៀមរាប ចំនួន ៥០០អំពូល ក្នុងឆ្នាំ២០២០ រវាងរដ្ឋបាល ខេត្តសៀមរាប ជាមួយក្រុមហ៊ុន Minebea Mistumi ប្រទេសជប៉ុន ក្រោមវត្តមានរបស់លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និង លោក TETSU SHIOZAKI អនុប្រធានក្រុមហ៊ុន Minebea Mistumiផងដែរ។
គួរបញ្ជាក់ផងដែរថា ខេត្តក៏នឹងធ្វើការកែលម្អនូវប្រព័ន្ធព័ត៌មានទេសចរណ៍ ឲ្យក្លាយជាទីក្រុងគោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ និង ការអនុវត្តសុវត្ថិភាពចរាចរណ៍ ដោយពង្រឹង និង ជួសជុលផ្លូវថ្នល់ ដំឡើងអំពូលបំភ្លឺផ្លូវ ព្រមទាំងយកចិត្ត ទុកដាក់លើការងារបរិស្ថាន ដោយប្រើប្រាស់ឧបករណ៍ដែលប្រើប្រាស់ថាមពលមានប្រសិទ្ធភាព ដូបអំពូលបំភ្លឺផ្លូវវៃឆ្លាត និង ការគ្រប់គ្រងកាកសំណល់តាមគ្រួសារ និង ឧស្សាហកម្ម ដោយធ្វើការណែនាំប្រព័ន្ធគ្រប់គ្រងកាកសំណល់វៃឆ្លាតផងដែរ ។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment