កំពង់ស្ពឺរីកមុខទៀតហើយ ខណៈរោងចក្រផលិតគ្រឿងសំណង់គ្រប់ប្រភេទនឹងរំលេចខ្លួននៅខេត្តនេះឆាប់ៗ
បើយោងតាមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់ (Concrete Block/ Brick & Precast Concrete) គ្រប់ប្រភេទ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។
សម្រាប់គម្រាងនេះ គឺគ្រោងធ្វើការសាងសង់លើផ្ទៃដីទំហំ ២៨.៦៧០ម៉ែត្រការ៉េ ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន។ តាមរយៈអង្គប្រជុំនេះ បានទទួលលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំ បានគាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់នេះ
២. ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះស្របតាមស្មារតីអង្គប្រជុំ
៣. ក្រុមហ៊ុន ត្រូវត្រួតពិនិត្យគុណភាពផេះដែលយកទៅផលិតឱ្យមានគុណភាពល្អ ជៀសវាងបង្កដល់អ្នកប្រើប្រាស់
៤. ក្រុមហ៊ុន ត្រូវត្រួតពិនិត្យឡចំហាយចំពោះការបញ្ចេញផ្សេងនេះឱ្យស្ថិតនៅក្រោមស្តង់ដាររបស់ក្រសួងបរិស្ថាន លើសពីនេះ ក្រុមហ៊ុនធ្វើការអប់រំបណ្តុះបណ្តាលដល់បុគ្គលដែលបញ្ជាលើឡចំហាយ ហើយត្រូវទទួលស្គាល់ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវតន៍
៥. ក្រុមហ៊ុន ត្រូវរៀបចំគ្រប់គ្រងសំណល់សំណល់រឹង/រាវឱ្យបានត្រឹមត្រូវជៀសវាងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់គម្រោង
៦. ក្រុមហ៊ុន ត្រូវកាត់បន្ថយការបំពុលខ្យល់ដែលចេញពីការកាឡុកស៊ីម៉ងត៍ និងការដឹកសម្ភារសំណង់ធ្វើការគ្រប ឬដាំដើមឈើក្នុងទីតាំងគម្រោង ព្រមទាំងធ្វើការសំអាតជាប្រចាំ ដើម្បីកាត់បន្ថយការហុយធូលី ឱ្យត្រឹមត្រូវ
៧. ក្រុមហ៊ុន ត្រូវរៀបចំកន្លែងស្នាក់នៅរបស់បុគ្គលិក-កម្មករឱ្យត្រឹមត្រូវ ករណីកំពុងសាងសង់ ក្រុមហ៊ុនមិនត្រូវអនុញ្ញាតឱ្យកម្មករសំរាកនៅក្នុងអគារនោះទេ
៨. ក្រុមហ៊ុន ត្រូវអប់រំបុគ្គលិក-កម្មករអំពីសុខភាព និងសុវត្ថិភាព ក្នុងការបំពេញការងាររួមទាំងផ្តល់ឧបករណ៍សុវត្ថិភាពក្នុងការបំពេញការងារ
៩. ក្រុមហ៊ុន ត្រូវផ្តល់ប័ណ្ណ ប.ស.ស ដល់បុគ្គលិ-កម្មករ ដើម្បីឱ្យពួកគាត់ទទួលបានផ្នែកការពារព្យាបាលសុខភាពសង្គម
១០. ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវសហការជាមួយជំនាញពាក់ព័ន្ធឱ្យបានល្អប្រសើរ
១១. ក្រុមហ៊ុន ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ចេញ-ចូល និងអប់រំដល់អ្នកបើកបរជៀសវាងគ្រោះថ្នាក់ចរាចរណ៍។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment