Breaking

Post Top Ad

Your Ad Spot

Wednesday, February 5, 2020

អង្គការUNESCO សម្លឹងឃើញក្រុង៣ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត

អង្គការUNESCO សម្លឹងឃើញក្រុង៣ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត



ភ្នំពេញ ៖ អង្គការ UNESCO បានសម្រេចគាំទ្រឲ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត។នេះតាមការឱ្យដឹងតាមរយៈ ជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយគណៈប្រតិភូរអង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ក្នុងគោលបំណង ពង្រឹងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរ លើការងារទេសចរណ៍ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ទីក្រុង និងទេសចរណ៍ម្ហូបអាហារ និងការងារមួយចំនួនផ្សេងទៀត។

 ក្នុងនោះ អង្គការUNESCO បានសម្លឹងទីក្រុងមួយចំនួនក្នុងកម្ពុជាយើង ដូចជាទីក្រុងបាត់ដំបង ក្រចេះ និងកំពត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO។

តាមការសម្រេចរបស់ អង្គប្រជុំបានឯកភាពគ្នាលើចំណុចការជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍ តាមរយៈការរួមគ្នាសិក្សាកំណត់តំបន់អេកូទេសចរណ៍ទូទាំងប្រទេស ដោយប្រើប្រាស់យន្តការក្រោមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីស្នើសុំរាជរដ្ឋាភិបាលកំណត់ ជាតំបន់អេកូទេសចរណ៍អាទិភាព ដែលត្រូវអភិវឌ្ឍដោយឈរលើគោលការណ៍ណែនាំមួយច្បាស់លាស់ (Guideline) និងយន្តការកិច្ចសហប្រតិបត្តិការ 4P។

បន្ថែមពីលើនេះ អង្គការ UNESCO ក៏បានគាំទ្រការដាក់ចេញឲ្យឆាប់រហ័សនូវផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប ដែលក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួងបានកំពុងរៀបចំ ដោយផ្តោតលើតំបន់៦ជាអាទិភាព គឺតំបន់ប្រាសាទអង្គរ ក្រុងសៀមរាប ទន្លេសាប-ព្រែកទាល់ ភ្នំគូលែន បន្ទាយស្រី និងតំបន់សៀមរាបថ្មី ដោយអង្គការ UNESCO នឹងផ្តល់អ្នកជំនាញការដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងផែនការនេះ។

មិនតែប៉ុណ្ណោះ អង្គប្រជុំបានឯកភាពគ្នាបានគាំទ្រឲ្យមានការដាក់បញ្ចូលនូវម្ហូបអាហារខ្មែរ (Cambodian Gastronomy) ជាពិសេសនំបញ្ចុក ប្រហុក អាមុក និងអំបុកជាដើម និងបេតិកភណ្ឌអរូបីផ្សេងទៀត ដើម្បីដាក់ក្នុងបញ្ជីត្រៀម (Tentative List) សម្រាប់ស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

អត្ថបទ៖ ភោគ​​ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot