Breaking

Post Top Ad

Your Ad Spot

Wednesday, February 12, 2020

សហគ្រិនជប៉ុនរកស៊ីនៅខ្មែរ បង្ហើបពីទិកនិកលក់១ ជួយឱ្យផលិតផលថ្មី មានគេគាំទ្រលឿន

សហគ្រិនជប៉ុនរកស៊ីនៅខ្មែរ បង្ហើបពីទិកនិកលក់១ ជួយឱ្យផលិតផលថ្មី មានគេគាំទ្រលឿន



  ភ្នំពេញ ៖ មិនខុសអ្វីពីការធ្វើអាជីវកម្មនោះទេ។ បើគ្រាន់តែបង្កើតអាជីវកម្មមួយឡើង គឺវាមិនមែនជារឿងពិបាកអីខ្លាំងនោះឡើយ ប៉ុន្តែបើចង់ឱ្យអាជីវកម្មមួយទទួលបានភាពជោគជ័យ និងល្បីឈ្មោះមានគេគាំទ្រច្រើនទើបជារឿងពិបាក។ អ្វីដែលនិយាយនាពេលនេះ គឺចង់សំដៅទៅលើការនាំចូលផលិតផលថ្មីមួយ យកមកលក់នៅក្នុងទីផ្សារ គឺថាមិនពិបាកឡើយ អ្វីដែលវេទនាគឺធ្វើឱ្យផលិតផលនោះ មានគេគាំទ្រច្រើន។

ឆ្លើយតបទៅនឹងផលវិបាកខាងលើនេះ សហគ្រិនចាស់វស្សាមួយរូបរបស់ជប៉ុន ដែលបានមករកស៊ីនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺលោក Kazunori Kato នាយកក្រុមហ៊ុន iLbriLLE japan ដែលជាក្រុមហ៊ុនគ្រឿងសម្អាងច្នៃចេញពីសូត្រដង្កូវនាងខ្មែរ ដែលមានដូចជាសាប៊ូ ផលិតផលថែស្បែក និងដងខ្លួន បានបង្ហើបពីទិកនិកលក់សំខាន់មួយ ជួយឱ្យផលិតផលថ្មីមានគេចាប់អារម្មណ៍លឿនជាទីបំផុត។ ដែលទិកនិកមួយនោះគឺ “ការលក់ពីសាច់រឿងរបស់ផលិតផល” ។

លោក Kazunori Kato បានពន្យល់ថា អ្នកលក់ភាគច្រើន ផ្តោតតែលើការបញ្ចុះតម្លៃ និងការលក់បែបពន្លើសការពិតតែប៉ុណ្ណោះ ពួកគេមិនបានផ្តោតលើការលក់ពីសាច់រឿងរបស់ផលិតផលនីមួយៗនោះទេ។ ដូច្នេះហើយ នៅទីបំផុតទៅ ភ្ញៀវក៏ចាប់ផ្តើមធុញទ្រាន់ និងស្អប់ការលក់ទាំងអស់នោះមិនខាន។ ដោយឡែក សម្រាប់លោកវិញ លោកមានទិកនិកលក់មួយគឺលក់ពីសាច់រឿងរបស់ផលិតផលនោះ។ បានន័យថា យើងត្រូវស្វែងរកឱ្យឃើញនូវចំណុចពិសេសរបស់យើង និងគុណប្រយោគរបស់ផលិតផលនីមួយៗ ។

ជាក់ស្តែង ដូចជាផលិតផលរបស់គាត់ជាដើម។ ចំណុចពិសេសរបស់វា គឺច្នៃចេញពីសូត្រពណ៌មាសរបស់ខ្មែរ ដែលសូត្រទាំងនោះធ្វើចេញអំពីដៃផ្ទាល់របស់កសិករខ្មែរ ហើយដូចយើងបានដឹងហើយថា សូត្រខ្មែរគឺជាសូត្រល្អលេខមួយរបស់ពិភពលោក។ ដូច្នេះហើយ គឺវាមានចំណុចពិសេស និងសាច់រឿងល្អមែនទែន សម្រាប់ប្រាប់ទៅឱ្យមហាជនបានដឹង។ ជាងនេះទៅទៀត អ្វីដែលក្រុមហ៊ុនបានធ្វើរាល់ថ្ងៃ គឺជួយឱ្យកសិករខ្មែរជាច្រើន បានការងារធ្វើ និងបង្កើនចំណូល។

សហគ្រិនជប៉ុនរូបនេះ ក៏​បានបញ្ជាក់ផងដែរថា រាល់ពេលដែលគាត់ចង់នាំផលិតផលរបស់គាត់ ទៅក្រៅប្រទេសម្តងៗ លោកតែងតែយកសាច់រឿងខាងលើនេះ ទៅប្រាប់មនុស្សដែលលោកចង់សហការជាមួយ ហើយការនិយាយពីចំណុចពិសេស និងសាច់រឿងបែបនេះ គឺវាជួយឱ្យការលក់មានប្រសិទ្ធិភាពខ្លាំងបំផុត។

សូមបញ្ជាក់ថា លោក Kazunori Kato ក្រៅពីជានាយកក្រុមហ៊ុន iLbriLLE japan លោកក៏ជានាយកប្រតិបត្តិនៃសមាគមកម្ពុជា-ជប៉ុន (Japan-Cambodia Association JCA) ផងដែរ។ ហើយលោកបានក៏បង្ហើបឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៣ លោកនឹងធ្វើការបើករោងចក្រផលិតគ្រឿងសម្អាងធ្វើអំពីសូត្រដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំយកផលិតផលគ្រឿងសម្អាងដែលផលិតក្នុងស្រុក នាំចេញទៅក្រៅប្រទេស ខណៈបច្ចុប្បន្នលោកមានតែរោងចក្រនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ៕​

អត្ថបទដោយ៖ Meng Songly (LeEmon Biz)

No comments:

Post a Comment

Post Top Ad

Your Ad Spot