ដើម្បីគេចឱ្យផុតពីការបោកប្រាស់ តើយើងគួរមានយុទ្ធសាស្រ្តបែបណាក្នុងការទិញដីឡូតិ៍?
ជាក់ស្តែងតាមរយៈលោក បណ្ឌិត គឹម ហ៊ាង ជាប្រធានក្រុមហ៊ុនខ្មែររៀលអេស្តែតនឹងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ធ្លាប់បានលើកទឹកចិត្តឲ្យពលរដ្ឋទិញ ដីឡូតិ៍ ពិសេសអ្នកដែលមានចំណូលទាប និងមធ្យម ប៉ុន្តែលោកក៏ធ្លាប់បានរំលឹកឲ្យប្រុងប្រយ័ត្នចំពោះការទិញដី គម្រោងដីឡូតិ៍ដែលមិនមាន ស្តង់ដារ នៃការរៀបចំច្បាស់លាស់ផងដែរ។ ដើម្បីជៀសវាងទិញប៉ះចំដីឡូតិ៍ ដែលជាប់មានបញ្ហាចម្រូងចម្រាស់ អ្នកទិញត្រូវតែមានការប្រយ័ត្នប្រយែង សង្កេតមើលឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅចុះកិច្ចសន្យា។ ដើម្បីទិញដីឡូតិ៍អោយបានត្រឹមត្រូវ និងជៀសវាងការចាញ់បោកគេ ឬហានិភ័យផ្សេងៗដែលអាច នឹងកើតឡើងជាយថាហេតុ អ្នកទិញត្រូវចេះសាកសួរព័ត៌មានពីម្ចាស់គម្រោង និងស្រាវជ្រាវអោយបានច្បាស់លាស់ពីប្រភពផ្សេងៗ នូវព័ត៌មាន និងមូលដ្ឋានដូចខាងក្រោម៖
១) ប្លង់ដី ឬប័ណ្ណកម្មសិទ្ធិដីធ្លី
តើដីទាំងមូលដែលគេយកមកពុះជាឡូត៍លក់នោះ ជាដីប្លង់រឹង ឬប្លង់ទន់? ហើយប្រសិនជាប្លង់រឹងវិញ ពេលគេលក់អោយយើង (អ្នកទិញ) គេបំបែកក្បាលដីជាប្លង់រឹងអោយ ឬអត់? ឬគេកាត់ឈ្មោះត្រឹមស្រុក-ខណ្ឌ ឬឃុំ-សង្កាត់? ។ “អ្នកត្រូវសិក្សា និងសួរអោយបានច្បាស់ពីបញ្ហាប្លង់ដី ដើម្បីប្រសិទ្ធភាពខ្ពស់ អ្នកគួរទិញតែដីឡូតិ៍ណាដែលមានប្លង់រឹង ហើយកាត់ឈ្មោះជូនអតិថិជនជាប្លង់រឹងដែរ ។ ជារួមអ្នកទិញមិនគួរទិញដីឡូតិ៍ពីគម្រោងណាមួយដែលមានត្រឹមតែប្លង់ទន់ នោះទេ ពីព្រោះវាអាចនឹងមានហានិភ័យច្រើនណាស់ ប្រសិនបើលោក-អ្នកមិនស្គាល់ច្បាស់ពីម្ចាស់គម្រោង ឬគម្រោងនោះច្បាស់លាស់”។
២) តើដីដែលគេយកមកពុះដីឡូតិ៍លក់នោះ ជាដីផ្ទាល់របស់ម្ចាស់គម្រោង ឬទិញពីគេ? ហើយបើទិញពីគេ តើបង់លុយថ្លៃទិញដីនោះផ្តាច់ ហើយឬនៅ? ឬនៅបង់ជាដំណាក់កាលទៀត?
ប្រសិនបើអ្នកទិញរកឃើញថា គម្រោងទាំងមូលនោះជាដីទិញពីគេ ហើយមិនទាន់បង់លុយដាច់អោយ ម្ចាស់ដើម អ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់ ហើយមិនគួរទិញជាដាច់ខាត ព្រោះអាចនឹងមានបញ្ហានៅពេល ដែលគម្រោងដីឡូតិ៍នេះលក់មិនដាច់សោះ ឬលក់ មិនបានគ្រប់ចំនួនលុយដែល ត្រូវយកទៅទូទាត់ ជូនម្ចាស់ដីដើម ឬម្ចាស់ដីដើមរករឿងដោយសារតែការទូទាត់លុយថ្លៃទិញដីនោះ មានការយឺតយ៉ាវ ឬមិនទៀងទាត់ នាំអោយម្ចាស់ដីដើមនោះ មិនសប្បាយចិត្ត បង្អាក់ការអភិវឌ្ឍន៍ ឬបញ្ចប់កិច្ចសន្យាជាមួយម្ចាស់គម្រោង ដែលធ្វើអោយប៉ះពាល់ដល់យើងដែលជាអ្នកទិញដីឡូតិ៍នោះ។
៣) បន្ទុកនៅលើដី
គេត្រូវពិនិត្យមើលថា តើដីនេះត្រូវបានយកទៅដាក់បញ្ចាំធានាបំណុល ឬជួល ឬប្រវាស់ ដែរឬទេ? តើដីនេះ មានជាប់ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការ ដែលហាមមិនឲ្យលក់ ឬក៏ជាកម្មវត្ថុ ដែលត្រូវតុលាការរឹបអូស ដែរឬទេ? ប្រសិនបើមាន គេត្រូវតែដោះបន្ទុកនេះឲ្យជ្រះស្រឡះជាមុនសិន មុននឹងចុះកិច្ចសន្យាទិញ។
៤) មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយឬនៅ?
មុនពេលទិញដីឡូតិ៍ពីគម្រោងណាមួយ ត្រូវសាកសួរពីច្បាប់ទំលាប់ដែលម្ចាស់គម្រោងត្រូវតែមាន និងត្រូវតែបង្ហាញពីភាពស្របច្បាប់នៃគម្រោងរបស់ខ្លួនដល់អតិថិជនដែលនឹងទិញដីឡូតិ៍ពីគម្រោងរបស់ខ្លួន។ ជាគោលការណ៍ ម្ចាស់គម្រោងត្រូវដាក់តាំងរាល់លិខិតអនុញ្ញាត អោយធ្វើអាជីវកម្មពុះដីឡូតិ៍ពីស្ថាប័នមានសមត្ថកិច្ចនៅការិយាល័យលក់ ឬរៀបចំឯកសារអោយបានត្រឹមត្រូវដើម្បីទុកបង្ហាញអតិថិជន ករណីមានការស្នើសុំមើល។ បច្ចុប្បន្នការពុះដីឡូតិ៍លក់ត្រូវស្នើសុំច្បាប់នៅថ្នាក់ស្រុក ឬខណ្ឌ ដែលគម្រោងនោះ ស្ថិតនៅ គម្រោងដីឡូតិ៍ទាំងមូលត្រូវតែមានការគូប្លង់ដោយមន្រ្តីជំនាញនៅភូមិបាលស្រុកខណ្ឌ មិនអាចចេះតែគូរ ដោយខ្លួនឯង ឬជួលអ្នកផ្សេងក្រៅពីមន្ត្រីមកសុរិយោដីឡើយ។ តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានណែនាំអោយអ្នកទិញ ត្រូវសាកសួរ ឬសុំមើល ឯកសារ ដូចខាងក្រោម៖
១ ឈ្មោះរបស់ម្ចាស់គម្រោងនៅលើប័ណ្ណកម្មសិទ្ធិកម្មសិទ្ធិនៃដីដែលយកមកពុះឡូត៍នោះ (តើជាឈ្មោះ របស់ម្ចាស់គម្រោង ឬរបស់អ្នកផ្សេង)
២ ប្រសិនជាអាចត្រូវចេះត្រួតពិនិត្យមើលប័ណ្ណកម្មសិទ្ធិនោះថាមានជាប់បន្ទុក ឬអត់
លិខិតអនុញ្ញាតអោយអភិវឌ្ឍន៍ដីនោះ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច (ដូចជា៖ ថ្នាក់ស្រុក ជាដើម)
៣ ឯកសារបង់ពន្ធអចលនវត្ថុ
៤ ប័ណ្ណបំបែកក្បាលដី
៥. ខ្លឹមសារលំអិតនៃ កិច្ចសន្យាលក់-ទិញ ដីឡូតិ៍
៥) ព័ត៌មានបំប៉ោង ឬព័ត៌មានខ្យល់
ជាទូទៅម្ចាស់គម្រោង ភ្នាក់ងារលក់ ឬអ្នកគួកជេនីមួយៗ តែងតែព្យាយាមបំប៉ោងព័ត៌មាន (ប្រើប្រាស់ព័ត៌មានមិនពិត) ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃអោយគម្រោងដីឡូតិ៍របស់គេលក់ឆាប់ដាច់ ។ ឧទាហរណ៍៖ គេផ្សព្វផ្សាយថាគម្រោងរបស់គេនឹងមានធ្វើផ្សារ តារាងបាល់ទាត់ សួនលំហែកាយ អាងហែលទឹក ។ល។ តែធាតុពិត ពួកគេមិនធ្វើវាទេ គ្រាន់តែផ្សព្វផ្សាយដើម្បីទាក់ទាញ និងលក់គម្រោងរបស់គេអោយឆាប់ដាច់ប៉ុណ្ណោះ (ទោះយ៉ាងណា ក៏មានគម្រោងខ្លះគេធ្វើពិត តាមការផ្សព្វផ្សាយដែរ)។
៦) ព័ត៌មានមូលដ្ឋាន
មុននឹងទិញដីឡូតិ៍ណាមួយ វាចាំបាច់ណាស់ ដែលអ្នកមិនត្រូវមើលរំលង មេភូមិ ប្រជាពលរដ្ឋនៅក្បែរគម្រោង និងមេឃុំ ឬចៅសង្កាត់ ដើម្បីសាកសួរព័ត៌មានផ្សេងៗពីពួកគាត់លើគម្រោងនោះ និងសាកសួរពីប្រវត្តិម្ចាស់ គម្រោងអោយបានច្បាស់លាស់។
សរុបសេចក្តីមកគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ពិតជាបានរួមចំណែកដល់ភាពរីកម្រើននៃវិស័យអចលទ្រព្យប៉ុន្តែគ្រាន់តែមាននៅចំណុចអសកម្មខ្លះ របស់គម្រោងអភិវឌ្ឍន៍ ដីឡូតិ៍មួយចំនួនពាក់ព័ន្ធនឹងដំណើរការទិញលក់ វិជ្ជាជីវៈ ផ្លូវច្បាប់ និងទស្សនវិស័យទៅថ្ងៃអនាគតរបស់គម្រោង។
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment