ព្រលានយន្តហោះ និងផ្លូវ១៧ ខ្សែនៅសៀមរាបហាក់ធ្វើឲ្យអចលនទ្រព្យនៅតំបន់នោះ កាន់តែមានឥទ្ធិពល
គម្រោងសាងសង់ព្រលានយន្តហោះតម្លៃវិនិយោគប្រមាណ ៩០០លានដុល្លារអាមេរិកដែល កំពុងពន្លឿនដំណើរការសាងសង់យ៉ាងមមាញឹកកំពុងលើកស្ទួយអចលនទ្រព្យក្នុងតំបន់អង្គរយ៉ាងល្អប្រសើរ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសូទ្រនិគមដែរថា ទីតាំងនៃអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះនឹងធ្វើឱ្យស្រុកមួយ ក្នុងចំណោមស្រុកទាំង១១ មានសំណាងជាងគេនោះគឺស្រុកសូទ្រនិគម។
ហើយកន្លលមកអាជ្ញាធរដែនដី លោក លី សំរិទ្ធ អភិបាលរងខេត្ត ក៏បានជួបជាមួយ ឯកឧត្តម ចាង គូរហ័រ (Zhang Huohua) អភិបាលរងខេត្តយូណាន នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ពិភាក្សាអំពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ការពង្រឹង និងពង្រីកចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរផងដែរ ពិសេសពាក់ព័ន្ធទៅនឹងគម្រោងព្រលានយន្តហោះនេះតែម្ដង។
ហើយភាគិចិនក៏បាន ស្នើដល់រដ្ឋបាលខេត្តសៀមរាប ដូចជាការសម្របសម្រួលអោយមានការផ្គត់ផ្គង់ទឹក ភ្លើង បណ្តាញលូបង្ហូរទឹកខ្វក់ និងប្រពន្ធទូរគមនាគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការ នៃការសាងសង់អាកាសយានដ្ឋាននេះប្រព្រឹត្តទៅដោយរលូន។
មួយវិញទៀតគម្រោងសាងសង់និស្ថាបនាផ្លូវទាំង១៧ខ្សែក្នុងទឹកដីសៀមរាបក៏បានរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយវិស័យនានាទាំង ទេសចរណ៍ ក៏ដូចជាការស្រូបទាញវិនិយោគិននានាងាកមកចាប់អារម្មណ៍លើគម្រោងវិនិយោគធំ នៅលើទឹកដីនេះផងដែរ។
ក្រៅពីគម្រោងធំៗទាំងពីរខាងលើ ជប៉ុននិងកម្ពុជាក៏កំពុងតែមានការ ពន្លឿនលើការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃដធំមួយទៀតផងដែរ។ គម្រោងនេះមានការអភិវឌ្ឍជាទីក្រុងប្រកបដោយនិរន្តរភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថានជាដើម។
គម្រោងធំៗក្នុងខេត្តសៀមរាបទាំងរបស់រដ្ឋនិងឯកជន ដែលមានវត្តមានលើទឹកដីអង្គរនេះ នឹងជួយកែប្រែក៏ដូចជាលើកស្ទួយ មុខមាត់ខេត្តនេះឱ្យកាន់តែប្រសើរឡើងថែមទៀតជាក់ជាមិនខាន់ ជាពិសេសលើផ្នែក អចលនទ្រព្យនិងវិស័យទេសចរណ៍តែម្ដង ។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment