Breaking

Post Top Ad

Your Ad Spot

Monday, February 24, 2020

ការសាងសង់ក្រវ៉ាត់ក្រុងទី៣នឹងកាន់តែមានភាពល្អប្រសើរជាងមុន ក្រោយរដ្ឋដាក់ចេញវិធានការចំនួន៥

ការសាងសង់ក្រវ៉ាត់ក្រុងទី៣នឹងកាន់តែមានភាពល្អប្រសើរជាងមុន ក្រោយរដ្ឋដាក់ចេញវិធានការចំនួន៥



ភ្នំពេញ​ ៖ តាមរយៈកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ (NR4-NR1) នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ប្រវែង ៥២,៩៨៣ គីឡូម៉ែត្រ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០បានឱ្យដឹងថា រដ្ឋាភិបាលបានផ្ដល់នូវវិធានការ៥ចំណុចក្នុងការធ្វើឱ្យការសាងសង់ផ្លូវក្រវ៉ាតក្រុងនេះ(ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ខេត្តកណ្តាល និងរាជធានីភ្នំពេញ)​ អាចដំណើរការសាងសង់បាន កាត់បន្ថយការប៉ះពាល់នានា ជាពិសេសគឺជួយពន្លឿនការសាងសង់ឱ្យស្របតាមការគ្រោងទុក។

វិធានការទាំង៥ ដែលកិច្ចប្រជុំសម្រេចនោះរួមមាន៖

១-​ អង្គប្រជុំ​ គាំទ្រទៅលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (NR4-NR1) នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ប្រវែង ៥២,៩៨៣គីឡូម៉ែត្រ

២-​ ស្នើឱ្យម្ចាស់គម្រោង សហការជាមួយគណៈកម្មកាដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនក្នុងការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋឱ្យបានឆាប់ និងដោះស្រាយផលប៉ះពាល់ទៅលើបង្គោលខ្សែបណ្តាញអគ្គិសនីផងដែរ

៣-​ ម្ចាស់គម្រោង ត្រូវណែនាំដល់ក្រុមហ៊ុន​ម៉ៅការឱ្យអនុវត្តតាមលក្ខណៈបចេ្ចកទេស ជាពិសេសម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដែលកើត​ចេញពីការដ្ឋាននៃគម្រោងសាងសង់

៤-​ ម្ចាស់គម្រោង​ ត្រូវធ្វើការត្រួតពិនិត្យ និង​យកចិត្តទុកដាក់ទៅលើគុណភាពផ្លូវឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាពិសេសការកាត់បន្ថយការហុយ និងត្រូវអនុវត្តដាំដើមឈើនៅអមសងខាងផ្លូវជាបណ្តើរៗ​នៅពេលដំណើរការសាងសង់

៥-​ ម្ចាស់គម្រោង​ ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះ​ ឱ្យស្របទៅតាមស្មារតីអង្គប្រជុំ ជាពិសេសត្រូវទទួលយកនូវអនុសាសន៍ពីក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុន​ទីប្រឹក្សា​ ដើម្បីអនុវត្តន៍តាម។

តាមរយៈការដាក់ចេញនូវ ការពន្លឿន ការដោះស្រាយផលប៉ះពាល់ក៏ដូចជាពង្រឹងបន្ថែមនូវគុណភាពនៃការសាងសង់ ផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់មួយនេះ ជឿជាក់ថាល្បឿននៃការសាងសង់ នឹងមានភាពរលូន ក៏ដូចជាឆាប់រហ័សជាងមុនផងដែរ ខណៈបច្ចុប្បន្ន គម្រោងនេះសម្រេចបានជាង៤០%ហើយ។មួយវិញទៀត ចំពោះផលប៉ះពាល់ដល់បរិស្ថានផ្សេងៗក៏នឹង ត្រូវកាត់បន្ថយផងដែរ និយាយជារួម ដំណើរការសាងសង់នេះ នឹងកាន់តែមានភាពល្អប្រសើរ។

អត្ថបទ៖ ភោគ ម៉ារី

No comments:

Post a Comment

Post Top Ad

Your Ad Spot