អាជ្ញាធរកំពង់ស្ពឺស្នើឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍លើភ្នំឱរ៉ាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរ
ភ្នំឱរ៉ាល់ ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជាប់នៅក្នុងកំណត់ត្រាភ្នំដែលខ្ពស់ជាងគេ១ក្នុងចំណោមភ្នំទាំង១០ នៅក្នុងតំបន់អាស៊ីនេះកំពុងត្រូវបានអាជ្ញាធរដែនដី យកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ហើយក៏បានបង្ហើបថានឹងមានគម្រោង កែលម្អទៅជាតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិផងដែ មិនតែប៉ុណ្ណោះក៏មានការផ្ដល់ឱកាសដល់ក្រុមហ៊ុនវិនិយោគឯកជន ក្នុងការចូលរួមអភិវឌ្ឍន៍តំបន់ឱរ៉ាល់នេះផងដែរ។
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កន្លងមក បានឱ្យដឹងថាសម្រស់ធម្មជាតិ និងអាកាសធាតុដ៏សែនមនោរម្យរបស់ភ្នំឱរ៉ាល់ បាននឹងកំពុងអន្ទងដួងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងឲ្យឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជានេះ(កម្ពស់១៨១៣ ម៉ែត្រ ) ហើយកាលពីថ្មីៗនេះ ក្រសួងទេសចរណ៍បានចុះបើកវគ្គបណ្តុះបណ្តាលស្តង់ដាទេសចរណ៍ផ្សងព្រេងជូនសហគមន៍ទេសចរណ៍នៅជុំវិញតំបន់ភ្នំឱរ៉ាល់ សរុបចំនួន០៧ ផងដែរ ដែលរួមមាន៖ សហគមន៍ទឹកធ្លាក់ចំបក់ សហគមន៍ដំរីចាក់ធ្លក សហគមន៍តេទឹកពុះ សហគមន៍ទឹកធ្លាក់ជ្រាវ សហគមន៍ព្រៃឈើប្រាំបីមុំ សហគមន៍សែនមនោរម្យ និងសហគមន៍រស្មីសាមគ្គី (ភូមិល្ងឹម)។
ដោយវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទបង្ហាញអំពីស្តង់ដាទេសចរណ៍ផ្សងព្រេងកម្សាន្តក្នុងព្រៃ និងបង្ហាញអំពីបទពិសោធន៍នៃការនាំភ្ញៀវឡើងភ្នំឱរ៉ាល់ផងដែរ សំដៅធ្វើអោយសហគមន៍ទេសចរណ៍៍ទាំងនោះកាន់តែរឹងមាំ ទទួលបានចំណូល បង្កើតការងារ មុខរបរ និងផលប្រយោជន៍ជាអតិបរមាពីសកម្មភាព និងសេវាកម្មទេសចរណ៍នៅតំបន់ជុំវិញភ្នំឱរ៉ាល់នេះផងដែរ។
គួរជម្រាបផងដែរថា ចម្ងាយគិតពីរាជធានីភ្នំពេញទៅដល់ភូមិស្ថានប្រជាពលរដ្ឋនៅជើងភ្នំឱរ៉ាល់ដែលមានឈ្មោះថា ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ មានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ។
ក្រៅពីភ្នំឱរ៉ាល់ដែលកំពុងទទួលបានចំណាប់អារម្មណ៍គួរឱ្យកត់សម្គាល់នេះ ក្នុងស្រុកឱរ៉ាល់នេះ ក៏ត្រូវបានក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (អំពៅ) និងសាងសង់រោងចក្រកែច្នៃ របស់ក្រុមហ៊ុន KAMPONG SPEU PLANTATION CO.,LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨៥.៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,២៩០កន្លែង កាលពីឆ្នាំ២០១៩កន្លងមកនេះ។
សម្រាប់សក្ដានុពលថ្មីនៃទឹកដីភ្នំឱរ៉ាល់នេះ កំពុងបង្ហើរឥទ្ធិពលរបស់ខ្លួនជាបណ្ដើរៗហើយ ហេតុនេះអ្នកមានគម្រោងចង់រួមចំណែក ក្នុងការវិនិយោគក្នុងចំណែកមួយនៃទឹកដីកំពង់ស្ពឺនេះ គឺសម្លឹងមើលទីតាំងល្អនិងរៀបផែនការវិនិយោគឱ្យហើយ ព្រោះទឹកដីនេះជាភូមិសាស្រ្តដ៏ល្អ ហើយវិនិយោគិនពីក្រៅប្រទេស ក៏បានធ្វើការវិនិយោគច្រើនក្នុងតំបន់នេះផងដែរ បើនិយាយពីភ្ញៀវទេសចរវិញមួយរយៈចុងក្រោយនេះភ្នំឱរ៉ាល់គឺមានការទាក់ទាញខ្លាំងគួរឱ្យកត់សម្គាល់ ពិសេសក្រសួងនានាក៏កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើទឹកដីនេះផងដែរ។
អត្ថបទ៖ ភោគ ម៉ារី


No comments:
Post a Comment