រុស្ស៊ីសម្រេចបិទព្រំដែនជាមួយអ៊ីតាលីហើយ ខណៈអ៊ីតាលីកាន់តែរីករាលដាលឆ្លង Covid-19
យោងទៅតាមសេចក្តីសម្រេចនេះបានឱ្យដឹងថា ការហាមឃាត់នេះនឹងត្រូវបានកំណត់ចាប់ពីម៉ោង 00:00ម៉ោង (ម៉ោងនៅទីក្រុងមូស្គូ) នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០។ ការហាមឃាត់នេះនឹងមិនត្រូវបានអនុវត្តន៍ទេ ចំពោះពលរដ្ឋនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ា (EAEU) បុគ្គលិកអាកាស យានិក សមាជិកនៃគណៈប្រតិភូផ្លូវការ និងអ្នកកាន់លិខិតអនុញ្ញាតស្នាក់នៅ។
ក្រសួងមហាផ្ទៃនៃប្រទេសរុស្ស៊ី ត្រូវបានណែនាំឱ្យផ្អាកការចេញលិខិតអនុញ្ញាតឱ្យចូលប្រទេសរុស្ស៊ីទៅកាន់ប្រជាជនដែលកំពុងស្នាក់នៅ ឬរស់នៅក្នុងប្រទេសអ៊ីតាលី។ ក្រសួងការបរទេសរុស្ស៊ីត្រូវបានណែនាំឱ្យផ្អាកការចេញទិដ្ឋាការដល់ក្រុមមនុស្សដែលបានរៀបរាប់ខាងលើ ហើយជូនដំណឹងដល់ភាគីអ៊ីរ៉ង់អំពីវិធានការទាំងនេះ។
ប្រទេសអ៊ីតាលីមានចំនួនករណីឆ្លងមេរោគកូរ៉ូណាវីរុសខ្ពស់បំផុតបន្ទាប់ពីប្រទេសចិន។ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ ចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសនោះមានលើសពី ១២.០០០នាក់ដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាង ៨០០នាក់ ដោយក្នុងនោះមានអ្នកជំងឺ ១.០៤៥នាក់បានជាសះស្បើយហើយ។
ការផ្ទុះជំងឺរលាកសួតបណ្តាលមកពីវីរុស COVID-19 (ពីមុនត្រូវបានគេស្គាល់ថា ជា 2019-nCoV) ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំមួយដែលមានប្រជាជន ១២លាននាក់ កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ ។ ករណីឆ្លងមេរោគកូរ៉ូណាវីរុសថ្មីត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាង ១០០ រួមទាំងប្រទេសរុស្ស៊ីផងដែរ។ ក្រៅពីប្រទេសចិន ប្រទេសដែលរងគ្រោះខ្លាំងជាងគេ គឺប្រទេសអ៊ីតាលី កូរ៉េខាងត្បូង និងអ៊ីរ៉ង់។
អង្គការសុខភាពពិភពលោកបាននិយាយថា ករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅទូទាំងពិភពលោកមានលើសពី ១១៨.០០០នាក់ ដែលមានអ្នកស្លាប់ប្រមាណ ៤.៣០០នាក់។
គួរជម្រាបផងដែរថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់ម្ចាស់នាវា និងភ្នាក់ងារនាវា អំពីការផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ អ្នកទេសចរ គ្រប់ប្រភេទ មកក្នុងព្រះរាជាណាចក្រកម្ពុជា។ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបិទការអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរផ្សេងៗ ចាប់ពីថ្ងៃនេះរហូតដល់មានការសម្រេចជាថ្មី៕
ប្រភព ៖ Business Cambodia


No comments:
Post a Comment