ការផ្គត់ផ្គង់អគារការិយាល័យបានកើនឡើងលើសតម្រូវការនៅក្នុងទីផ្សារ
បើទោះបីជាមានការថមថយចុះនូវកំណើនទីផ្សារអចលនទ្រព្យនៅក្នុងតំបន់យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជានៅតែអាចរក្សាបាននូវភាពល្អប្រសើរ ដែលក្នុងរាប់បញ្ចូលទាំងវិស័យសំណង់ វិស័យលំនៅដ្ឋាន និងវិស័យអគារពាណិជ្ជកម្មធំៗជាដើម។
ដោយឡែកសម្រាប់តែទីផ្សារនៃការផ្គត់ផ្គង់ទៅលើវិស័យការិយាល័យជួល (Office Space) ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលគិតត្រឹមឆ្នាំ២០២០នេះ ទាំងអគារការិយាល័យដែលបានបញ្ចប់ការសាងសង់ និងដាក់បញ្ចូលនៅក្នុងទីផ្សារ និងអគារគ្រោងបញ្ចប់ការសាងសង់នៅក្នុងដ៏ពេលខ្លីខាងមុខនេះ មានកំណើនសរុបរហូតដល់ប្រមាណ៥៧ម៉ឺនម៉ែត្រការ៉េ ដែលជាចំនួនមួយដ៏លើសលប់។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះថា នៅក្នុងឆ្នាំ២០២០នេះ ចំនួននៃការផ្គត់ផ្គង់ការិយាល័យជួលមានការកើនឡើងច្រើន ខណៈដែលតម្រូវការទីផ្សារក៏មានការកើនឡើងដូចគ្នា”។
លោកស្រីបានបន្តទៀតថា “អគារការិយាល័យជួលត្រូវបានចែកចេញជា២ គឺអគារការិយាល័យជួលដែលមានម្ចាស់តែមួយ និងអគារការិយាល័យសហកម្មសិទ្ធិ។ សម្រាប់អគារការិយាល័យដែលមានម្ចាស់តែមួយនៅក្នុងឆ្នាំ២០២០នេះ នឹងត្រូវបានដាក់បញ្ចូលនៅក្នុងទីផ្សារមានទំហំសរុបកើនឡើងរហូតដល់ប្រមាណ៣៧ម៉ឺនម៉ែត្រការ៉េ។ ដោយឡែកអគារការិយាល័យសហកម្មសិទ្ធិ នឹងដាក់បញ្ចូលនៅក្នុងទីផ្សារមានទំហំសរុបអាចកើនឡើងដល់២០ម៉ឺនម៉ែត្រការ៉េ”។
ដោយ ៖ រ៉ាណេត


No comments:
Post a Comment