លឿនមែន!នៅដើមខែមីនានេះ ផ្សារដើមគរនឹងមានស្ពានថ្មើរជើងថ្មីមួយ ដើម្បីបញ្ចៀសកកស្ទះចរាចរណ៍
តាមរយៈការចុះផ្សាយ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអះអាងថា៖ ការសាងសង់ស្ពានថ្មើរជើងផ្សារដើមគរ ទទួលបានលទ្ឋផលសម្រេច ៨៥% ដោយស្របតាមផែនការដែលបានគ្រោងទុក នឹងត្រៀមបញ្ចប់ការសាងសង់ នៅថ្ងៃទី៥ ខែមីនាខាងមុខនេះ។ ហើយការដ្ឋាននេះ នឹងត្រូវស្ទូចតម្លើងគ្រោងដែកតួស្ពាន នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះចាប់ពីម៉ោង ២០:០០ ដល់ម៉ោង ៦:០០ព្រឹក។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរណ៍នៅទីតាំងការដ្ឋានតាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរ ដែលប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក ដោយសេចក្តីអនុគ្រោះ។
គួរជម្រាបផងដែរថា៖ គម្រោងស្ពានថ្មើរជើង១ ក្នុងចំណោម២ (ស្ពានថ្មើរជើងផ្សារដើមគរ) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការសាងសង់យ៉ាងមមាញឹកទាំងថ្ងៃទាំងយប់ ដើម្បីបញ្ចប់ទៅតាមគម្រោងផែនការដែលបានគ្រោងទុក និងអាចដាក់ឱ្យប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ខណៈពេលដែលគម្រោងសាងសង់ស្ពានថ្មើរជើងសាលាសន្ធរមុខ គ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ។
ហើយបច្ចុប្បន្នក្រុមការងារកំពុងតែសម្រុកសកម្មភាពទាំងយប់ទាំងថ្ងៃដូចគ្នា ក្រោមការទទួលខុសត្រូវដោយក្រុមហ៊ុនជំនាញ Space Media ដែលជាថវិកាចំណាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕
អត្ថបទ៖ ដារ៉ូ


No comments:
Post a Comment