Breaking

Post Top Ad

Your Ad Spot

Sunday, February 2, 2020

អ្នកជំនាញអះអាងថាខុនដូតម្លៃសមរម្យនឹងកាន់តែមានតម្រូវការខ្ពស់នៅឆ្នាំនេះ

អ្នកជំនាញអះអាងថាខុនដូតម្លៃសមរម្យនឹងកាន់តែមានតម្រូវការខ្ពស់នៅឆ្នាំនេះ



ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ សម្រាប់ទីផ្សារខុនដូ ដែលមានតម្លៃសមរម្យនឹងកាន់តែមានតម្រូវការទីផ្សារខ្ពស់ជាងឆ្នាំកន្លងទៅ ខណៈដែលប្រភេទខុនដូតម្លៃមធ្យម និងកម្រិតខ្ពស់អាចនឹងប្រឈមឱនភាពរាប់ទាំងការជួល និងការលក់។


នៅក្នុងឆ្នាំ២០២០នេះ អាគារខុនដូជាច្រើន នឹងត្រូវបានចាក់បញ្ចូលនៅលើទីផ្សារបន្ថែមទៀតបន្ទាប់ពីគម្រោងធំៗជាច្រើន ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរទៅតាមកាលកំណត់នៅត្រឹមដំណាច់ឆ្នាំនេះ ខណៈដែលកាលពីឆ្នាំ២០១៩ មានចំនួន១៨, ០០៨ យូនីតរួចទៅហើយ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia លោកខន គង្គា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះថា នៅក្នុងឆ្នាំ២០២០នេះ តម្រូវការទីផ្សារខុនដូនឹងមានការកើនឡើង ប៉ុន្តែសម្រាប់តែប្រភេទខុនដូដែលមានតម្លៃទាប ឬតម្លៃសមរម្យតែប៉ុណ្ណោះ។

លោកបន្តថា “ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំបានងាកមកចាប់អារម្មណ៍លើទីផ្សារខុនដូ ដែលមានតម្លៃសមរម្យ ដែលផ្តោតសំខាន់លើអតិថិជនក្នុងស្រុកច្រើនជាងអតថិជនក្រៅស្រុក ដែលការផ្លាស់ប្ដូរទាំងនេះក៏ព្រោះតែគេបានសិក្សាច្បាស់ពីតម្រូវការទីផ្សារពិតប្រាកដ”។

លោកខន គង្គារបានមានប្រសាសន៍បន្តទៀតថា ការបង្វែរគោលដៅមកកាន់ទីផ្សារខុនដូកម្រិតសមរម្យ គឺមានអត្រាជោគជ័យខ្ពស់ ដោយសារតែមានតម្រូវការទីផ្សារស្រាប់នៅក្នុងស្រុក។

ឱ្យតែជាប្រភេទខុនដូ ដែលមានតម្លៃចាប់ពី២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម គឺមិនពិបាកស្វងរកទីផ្សារនោះទេ ហើយវាក៏ផ្តល់ឱកាសដល់អ្នកដែលមានបំណងទិញដើម្បីវិនិយោគបន្តផងដែរ ដោយសារតែការចំណាយទៅលើការទិញខុនដូដែលមានតម្លៃត្រឹម១០ម៉ឺនក្នុងមួយយូនីត អាចមានឱកាសទទួលបានពីការជួលត្រឡប់មកវិញប្រមាណ១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬចំណូលមិនក្រោម៧០០–៨០០ដុល្លារក្នុងមួយខែនោះទេ ដែលវាប្រសើរជាងការទិញផ្ទះ ក្នុងតម្លៃប្រមាណ១៥ម៉ឺន។

ប៉ុន្តែអ្នកវិនិយោគអាចទទួលបានចំណូលប្រចាំខែ ពីការជួលត្រឹម៣០០–៤០០ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះការទិញឬវិនិយោគខុនដូកម្រិតតម្លៃសមរម្យ នៅតែជាជម្រើសល្អ”។
តាមរបាយការណ៍ដែលចេញផ្សាយ ដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីពេលកន្លងទៅបានបង្ហាញថា ជាមួយនឹងការរំពឹងទុកនូវកំណើននៃការផ្គត់ផ្គង់លើវិស័យខុនដូខាងលើនេះ ត្រូវបានចូលរួមចំណែកពីប្រភេទទីផ្សារខុនដូផ្សេងគ្នាចំនួន៣ រួមមានប្រភេទខុនដូតម្លៃសមរម្យ៣០ភាគរយ (មានការកើនឡើងប្រមាណ៦ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩) ប្រភេទខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល៤៦ភាគរយ (ធ្លាក់ចុះប្រមាណ៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩​) និងប្រភេទខុនដូតម្លៃខ្ពស់ចូលរួម២៤ភាគរយ (មានការកើនឡើងប្រមាណ១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩)។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ដោយលោកស្រីបានបញ្ជាក់ថា តម្រូវការទីផ្សារខុនដូប្រភេទតម្លៃសមរម្យ ពិតជាមានអត្រាខ្ពស់ជាងប្រភេ​ទខុនដូតម្លៃមធ្យម និងខុនដូដែលមានតម្លៃខ្ពស់។

លោកស្រីបានបន្តថា “ខុនដូតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដែលជាជនជាតិខ្មែរ។ ពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅ ច្រើនជាងទិញសម្រាប់ទុកវិនិយោ​គ​បន្ត”។

លោកស្រីបានបន្តទៀតថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារក្នុងមួយម៉ែត្រ ដោយឡែកខុនដូតម្លៃមធ្យម ឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់​ៗ។ លោកស្រីបានបន្តទៀតថា “និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ។

ដោយៈ រ៉ាណេត

No comments:

Post a Comment

Post Top Ad

Your Ad Spot