Breaking

Post Top Ad

Your Ad Spot

Monday, February 24, 2020

ដូចម្តេចដែលហៅថា ការចុះបញ្ជីដីធ្លីជាលក្ខណៈដាច់ដោយដុំ? តើការចុះបញ្ជីនេះមានប៉ុន្មានដំណាក់កាល?

ដូចម្តេចដែលហៅថា ការចុះបញ្ជីដីធ្លីជាលក្ខណៈដាច់ដោយដុំ? តើការចុះបញ្ជីនេះមានប៉ុន្មានដំណាក់កាល?



ភ្នំពេញ​ ៖ ការងារចុះបញ្ជីដីធ្លី គឺជាកិច្ចការមួយដ៏ចម្បងនៃគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង រៀបចំ ប្រើប្រាស់ និងបែងចែកដីដោយប្រសិទ្ធភាព និងចីរភាព និងដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះស្រាយ និងទប់ស្កាត់វិវាទដីធ្លីទូទាំងប្រទេស។ ការចុះបញ្ចីដីធ្លីនេះចែកចេញជា ០២ប្រភេទ៖ “ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ” និង “ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ”។ ការចុះបញ្ជីដាច់ដោយដុំ មានគោលបំណងចុះបញ្ជីរាល់អចលនវត្ថុទូទាំងប្រទេស នៅក្នុងតំបន់ដែលមិនទាន់ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។

នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈដាច់ដោយដុំនេះ ត្រូវ​ចែកចេញ​ជា​ ៥ដំណាក់​កាល​សំខាន់ៗ៖ ដំណាក់កាលទី១៖ អំពីការដាក់ពាក្យស្នើរសុំចុះបញ្ជីដី

អ្នកកាន់កាប់ដីត្រូវដាក់ពាក្យស្នើរសុំបញ្ជីដីទៅរដ្ឋបាលសុរិយោដីថ្នាក់ស្រុក ខណ្ឌ តាមរយៈមេឃុំ ឬចៅសង្កាត់ដែលក្បាលដីនោះស្ថិតនៅ ហើយពាក្យស្នើរសុំត្រូវពិនិត្យដោយរដ្ឋបាលសុរិយោដី ស្រុក ខណ្ឌ។ ពាក្យស្នើរសុំនេះត្រូវធ្វើពីច្បាប់ និងអាចមានឯកសាររណបផ្សេងៗភ្ជាប់មកជាមួយ ដូចជាភស្តុតាងទាក់ទងនឹងក្បាលដី ឬឯកសារសិទ្ធិលើក្បាលដីដែលស្នើរសុំចុះបញ្ជី។ (មាត្រា ៧,៨ នៃអនុក្រឹត្យស្តីពីការបញ្ជីមានលក្ខណៈដាច់ដោយដុំ) ដំណាក់កាលទី២៖ អំពីប្រតិបត្តិការបច្ចេកទេស

១. ការងារវាល : អភិបាលស្រុក ខណ្ឌត្រូវផ្សព្វផ្សាយជាសាធារណៈអំពីកាលបរិច្ឆេទនៃការកំណត់ព្រំដី និងវាស់វែងយ៉ាងហោចណាស់ ១៤ថ្ងៃ មុនកាលបរិច្ឆេទដើម្បីឱ្យបុគ្គលពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យ ឬតវ៉ា។

២.ការងារនៅការិយាល័យ : បន្ទាប់មក ក្រុមមន្រ្តីចុះបញ្ជីដីធ្លីធ្វើការកំណត់ព្រំដីវាស់វែងក្បាលដី និងធ្វើការវិនិច្ឆ័យទៅលើឯកសារ និងភស្តុតាងផ្សេងៗ និងត្រូវរៀបចំប្លង់សុរិយោដី (មាត្រា ៩,១០,១១,១២ នៃអនុក្រឹត្យស្តីពីការបញ្ជីមានលក្ខណៈដាច់ដោយដុំ)។

ដំណាក់កាលទី៣៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ

រដ្ឋបាលសុរិយោដីថ្នាក់ស្រុក ខណ្ឌ ត្រូវផ្សព្វផ្សាយឯកសារនៃការវិនិច្ឆ័យនោះជាសាធារណៈ រយៈពេល ០៣ថ្ងៃ នៅសាលាស្រុក ខណ្ឌ ដែលមានសម្ថកិច្ច។ សេចក្តីថតចម្លងនៃឯកសារទាំងនេះក៏ត្រូវបិទផ្សាយផងដែរ នៅទីស្នាក់ការឃុំ សង្កាត់ ដែលក្បាលដីស្នើរសុំចុះបញ្ជីនោះស្ថិតនៅក្នុងករណីមិនមានការជំទាស់ឬការតវ៉ាក្នុងរយៈពេលនៃការបិទផ្សាយជាសាធារណៈទិន្នន័យដែលបានកត់ត្រាក្នុងឯកសារបិទផ្សាយនោះត្រូវបានចាត់ទុកជាទិន្នន័យសុក្រឹតដែលអាចកំណត់យកជាផ្លូវការតាមច្បាប់បាន។ (មាត្រា ១៣ នៃអនុក្រឹត្យស្តីពីការបញ្ជីមានលក្ខណៈដាច់ដោយដុំ)។

ដំណាក់កាលទី៤៖ អំពីការសម្រេចលើឯកសារ

ក្រោយពីផុតរយៈពេលនៃការបិទផ្សព្វផ្សាយជាសាធារណៈ មន្ត្រីជំនាញត្រូវធ្វើរបាយការណ៍ដាក់ជូនរដ្ឋបាលសុរិយោដីស្រុក ខណ្ឌ ពិនិត្យនិងចុះហត្ថលេខាបញ្ជូនសំណុំរឿងទាំងមូលទៅរដ្ឋបាលសុរិយោដីខេត្ត ក្រុង។ (មាត្រា ១៣,១៤,១៦ នៃអនុក្រឹត្យស្តីពីការបញ្ជីមានលក្ខណៈដាច់ដោយដុំ)។ ដំណាក់កាលទី៥៖ អំពីការចេញប័ណ្ណដី

ប្រសិនបើឯកសារត្រឹមត្រូវហើយ រដ្ឋបាលសុរិយោដី ថ្នាក់ខេត្ត ក្រុងនឹងបញ្ជូនសំណុំរឿងទៅរដ្ឋបាលសុរិយោដីថ្នាក់កណ្តាល ដើម្បីធ្វើការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ម្ចាស់ដី។ (មាត្រា ១៦,១៨ នៃអនុក្រឹត្យស្តីពីការបញ្ជីមានលក្ខណៈដាច់ដោយដុំ)

អត្ថបទ៖ ដារ៉ូ 

No comments:

Post a Comment

Post Top Ad

Your Ad Spot